នៅក្នុងការបោះពុម្ពលើកទី6 ជាភាសាខ្មែរ | JJL
អារម្ភកថា
សមាគមអ្នកច្បាប់កម្ពុជាជប៉ុន (Japan Jurist league with Cambodia)
សហតំណាងដោយ៖
លោកស្រីមេធាវី SAKURAGI KAZUYO
លោកមេធាវី KIMURA SHINSUKE
សមាគមអ្នកច្បាប់កម្ពុជាជប៉ុន គឺជា NGO ដែលត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ1993 ដើម្បីផ្តល់ការសហការផ្នែកច្បាប់ដើម្បីស្តារប្រទេសកម្ពុជាឡើងវិញ។ សមាគមនេះចាប់ផ្តើមសកម្មភាពនៅឆ្នាំ1993 ហើយគិតមកដល់ឆ្នាំនេះគឺមានរយៈពេលជាង 28ឆ្នាំហើយ។ នៅក្នុងសកម្មភាពរបស់សមាគម មានគម្រោងជាច្រើន ហើយមួយក្នុងចំណោមសកម្មភាពនោះ គឺ «ការផ្តល់ឯកសារសិក្សាច្បាប់ជាភាសាខ្មែរ»។ តាំងពីមុនមក សមាគមបានផ្តល់នូវវីដេអូជាភាសាខ្មែរអំពីតុលាការប្រឌិតនៃរឿងក្តីព្រហ្មទណ្ឌ និងបានផ្តល់ «សៀវភៅសេចក្តីផ្តើមនៃក្រមព្រហ្មទណ្ឌ» របស់អ្នកច្បាប់ជប៉ុនជំនាញក្រមព្រហ្មទណ្ឌជាភាសាខ្មែរ ជាអាទិ៍។ តាំងពីឆ្នាំ2000 ការងារបកប្រែជាភាសាខ្មែរនូវ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» របស់លោកសាស្ត្រាចារ្យ Masao IKEDA អ្នកស្រាវជ្រាវក្រមរដ្ឋប្បវេណីជប៉ុន បានចាប់ផ្តើម។ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» របស់លោកសាស្ត្រាចារ្យ IKEDA បានតាក់តែងដោយផ្អែកលើក្រមរដ្ឋប្បវេណីជប៉ុន ហើយក៏មានភាពងាយស្រួលយល់សម្រាប់អ្នកដែលមិនសិក្សាជំនាញនីតិសាស្ត្រផងដែរ។ សៀវភៅនេះគឺសក្តិសមបំផុតសម្រាប់ស្វែងយល់នូវក្រមរដ្ឋប្បវេណីដែលជាច្បាប់យ៉ាងធំ និង ងាយចាប់បាននូវគោលការណ៍សំខាន់ៗនៃក្រមរដ្ឋប្បវេណី ហើយយើងខ្ញុំពិតជាចង់បកប្រែជាភាសាខ្មែរ ហើយជូនជនជាតិកម្ពុជាទាំងអស់គ្នា។
ការបកប្រែជាភាសាខ្មែរនូវការបោះពុម្ពលើកទី3 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» នេះ សមាគមបានពឹងពាក់ទៅកាន់លោកសាស្ត្រាចារ្យ គង់ ទេលី។ យើងបានលឺមកថា នៅពេលនោះប្រទេសកម្ពុជាពុំទាន់មានក្រមរដ្ឋប្បវេណីនៅឡើយទេ ហើយក៏ពុំសូវមានឯកសារពាក់ព័ន្ធនឹងច្បាប់ផងដែរ ហេតុនេះ លោកសាស្ត្រាចារ្យ ទេលី មានតែក្រមរដ្ឋប្បវេណីដែលបានអនុម័តនៅក្នុងឆ្នាំ1920 ក្នុងសម័យអាណានិគមបារាំងប៉ុណ្ណោះជាឯកសារយោង។ លោកសាស្ត្រាចារ្យពិតជួបការលំបាកច្រើនហើយក្នុងការបកប្រែនេះ។
រយៈពេល 20ឆ្នាំ បានកន្លងផុតហើយ គិតចាប់តាំងពីការបកប្រែជាភាសាខ្មែរលើកដំបូង ហើយក្នុងអំឡុងពេល 20ឆ្នាំនោះ ប្រទេសកម្ពុជាបានទទួលជំនួយក្នុងការតាក់តែងច្បាប់ពីប្រទេសជប៉ុន ហើយក្រមរដ្ឋប្បវេណីថ្មីត្រូវបានអនុម័តឡើង។ ដូចនេះ យើងខ្ញុំមានបំណងបកប្រែ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ឲ្យស្របទៅតាមពាក្យបច្ចេកទេសនៅក្នុងក្រមរដ្ឋប្បវេណីថ្មីរបស់កម្ពុជា ហើយក៏បានចាប់ផ្តើមការងារបកប្រែការបោះពុម្ពលើកទី5 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» នេះ។
អ្នកបកប្រែគឺ លោក ឈឿន គុយអេង។ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំច្បាប់ជប៉ុន លោក គុយអេង បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតលើនីតិសិទ្ធិលើបំណុល នៅសាកលវិទ្យាល័យណាហ្គោយ៉ាប្រទេសជប៉ុន។ ក្រោយពីត្រឡប់មកកម្ពុជាវិញ លោក គុយអេង បានធ្វើការងារពាក់ព័ន្ធនឹងការបកប្រែឯកសារច្បាប់ជាភាសាជប៉ុន・ខ្មែរ និងបកប្រែដោយផ្ទាល់នៅក្នុងសិក្ខាសាលាជាអាទិ៍ នៅក្នុងគម្រោងអភិវឌ្ឍន៍ច្បាប់ និងតុលាការនៃអង្គការ JICA ក្នុងឋានៈជា មន្ត្រីច្បាប់ជាន់ខ្ពស់។ លោក គុយអេង មានចំណេះដឹងលើក្រមរដ្ឋប្បវេណីកម្ពុជា និងក្រមរដ្ឋប្បវេណីជប៉ុន និងមានជំនាញក្នុងការបកប្រែពាក្យបច្ចេកទេសច្បាប់នៃប្រទេសទាំងពីរ ហេតុនេះ យើងខ្ញុំគិតថា លោក គុយអេង ជាបុគ្គលសក្តិសមបំផុតក្នុងការបកប្រែ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» នេះ ហើយលោក គុយអេង ពេញចិត្តនឹងទទួលយកការងារនេះ តាមសំណូមពររបស់យើងខ្ញុំ។
នៅក្នុងឆ្នាំ2020 ប្រទេសជប៉ុនមានវិសោធនកម្មទ្រង់ទ្រាយធំលើផ្នែកស្តីពីសិទ្ធិលើបំណុល និង កិច្ចសន្យាក្នុងក្រមរដ្ឋប្បវេណីជប៉ុន ហើយលោកសាស្ត្រាចារ្យ IKEDA បានចេញផ្សាយការបោះពុម្ពលើកទី6 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ដោយបញ្ចូលនូវខ្លឹមសារវិសោធនកម្មដ៏សំខាន់ខាងលើនេះ។ ហេតុនេះ យើងខ្ញុំបានស្នើសុំបន្ថែមឲ្យលោក គុយអេង បកប្រែចេញពីច្បាប់ដើមនៃការបោះពុម្ពលើកទី6 នេះ ហើយលោកគុយអេង បានយល់ព្រមចំពោះការស្នើសុំបន្ថែមនេះ។ ការបកប្រែជាភាសាខ្មែរ នៃការបោះពុម្ពលើកទី6 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» បានប្រសូត្រឡើង ដោយមានសាវតាបែបនេះ។
ការងារបកប្រែ «សៀវភៅណែនាំឲ្យសិក្សាក្រមរដ្ឋប្បវេណី» នេះ បានចាប់ផ្តើមឡើងតាមសំណូមពរពីមជ្ឈដ្ឋាននានារបស់អ្នកច្បាប់កម្ពុជា។ ទោះបីជាក្រមរដ្ឋប្បវេណីខ្មែរ មានខ្លឹមសារខុសពីក្រមរដ្ឋប្បវេណីជប៉ុនក៏ដោយ ក៏យើងខ្ញុំបានដឹងថា អត្ថបទចាស់នៃការបកប្រែជាភាសាខ្មែរនៃ «សៀវភៅណែនាំឲ្យសិក្សាក្រមរដ្ឋប្បវេណី» បានផ្តល់ប្រយោជន៍ដល់អ្នកទាំងអស់គ្នានៅកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការបកប្រែជាភាសាខ្មែរនៃការបោះពុម្ពលើកទី6 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ស្របតាមក្រមដ្ឋប្បវេណីថ្មីរបស់កម្ពុជានេះ នឹងកាន់តែផ្តល់ប្រយោជន៍ដល់អ្នកទាំងអស់គ្នា។
យើងខ្ញុំសូមអរគុណចេញពីចិត្តដល់អ្នកបកប្រែ លោក ឈឿន គុយអេង ដែលបានជួយជាអ្នកបកប្រែ។ យើងខ្ញុំសូមថ្លែងអំណរគុណផងដែរចំពោះក្រុមគ្រួសាររបស់លោក គុយអេង ដែលជួយគាំទ្រនូវការងារនេះ។
មួយវិញទៀត សាកលវិទ្យាល័យជាតិគ្រប់គ្រងដោយមានឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ហោ ប៉េង ជាប្រធាន បានរៀបចំបង្កើតនូវ «គណកម្មការកែសម្រួលការបកប្រែជាភាសាខ្មែរនៃ “សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី” » ដើម្បីសហការដល់ការងារបកប្រែនេះ។ យើងខ្ញុំមានទឹកចិត្តសោមនស្សរីករាយដែលការបោះពុម្ពលើកទី6 នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» នេះ បានប្រសូត្រឡើងដោយមានកិច្ចសហការរវាងភាគីកម្ពុជា និង ភាគីជប៉ុនហើយយើងខ្ញុំមានការរំពឹងទុកខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហការរួមគ្នារបស់ភាគីទាំងសងខាងនាពេលអនាគត។
ថ្ងៃទី1 ខែមេសា ឆ្នាំ2021